Ad Code


 

រឿង នាងសិរិមា

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងសិរិមា ដែលជាប្អូនស្រី របស់គ្រូពេទ្យជីវកកោមារភច្ច។ នាងសិរិមា ជាស្រីផ្កាមាស មានរូបសម្បត្តិស្អាតណាស់ គួរជាទីស្រឡាញ់ពេញចិត្តនៃបុរសទាំងឡាយ ។ បើបុរសណាមួយ ប្រាថ្នាចង់រួមសេចក្តីសុខ ក្នុងផ្លូវកាម ជាមួយនឹងនាង ក្នុង ១ យប់ ត្រូវតែឲ្យថ្លៃទៅនាង ១ ពាន់កហាបណៈទើបបាន។

សម័យក្រោយមក នាងសិរិមា បានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះសាស្តាហើយ ក៏បានសម្រេចសោតាបត្តិផល ហើយមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា យ៉ាងក្រៃលេង បានថ្វាយសង្ឃទាន ដល់ព្រះសង្ឃ ក្នុងមួយថ្ងៃៗ ៨ រូប ស្មើៗ ។ ភិក្ខុទាំងឡាយដែលបានទទួលសង្ឃភត្ត របស់នាង បានពោលសរសើរ នូវគុណសម្បត្តិរបស់នាង ថាៈ នាងសិរិមា មានរូបសម្បត្តិស្អាតណាស់ ហើយថែមទាំងធ្វើចង្ហាន់ក៏ឆ្ងាញ់ៗ ទៀតផង។

សម័យនោះ មានភិក្ខុមួយរូប ពុំទាន់បានឃើញរូបនាងផង គ្រាន់តែបានឮឈ្មោះប៉ុណ្ណោះ ក៏កើតសេចក្តីស្នេហា លើនាង យ៉ាងខ្លាំង ឣន្ទះសាររកខ្យល់ បន់ឲ្យតែមកដល់វេនរបស់ខ្លួន លុះដល់វេនហើយ ក៏រីករាយ សប្បាយចិត្ត ឥតឧបមា បានរៀបចំរបស់របរ តាំងតែពីព្រឹកព្រលឹម។

ជួនជាពេលនោះ នាងសិរិមា មានជម្ងឺជាទម្ងន់ តាំងតែពីថ្ងៃម្សិលមិញមកម៉្លេះ, នាង បានប្រើឲ្យគេធ្វើភត្តាហារជំនួសខ្លួន ហើយ ឲ្យគេជួយគ្រាហ៍នាងទៅ ដើម្បីថ្វាយបង្គំព្រះភិក្ខុសង្ឃ។

កាលបើភិក្ខុរូបនោះ បានឃើញនូវរូបឆោមដ៏ស្អាតរបស់នាងហើយ ក៏មានចិត្តរឹតតែស្រឡាញ់ខ្លាំងឡើងៗ លើសដើមទៅទៀត ហើយនឹកគិតថា “ទោះ បីជានាងមានជម្ងឺ មិនបានស្អិតស្អាងកាយក៏ដោយ ក៏នៅតែមានរូបស្រស់ប្រិមប្រិយ គួរឲ្យស្រឡាញ់ដល់ម្លឹងទៅហើយ នៅពេលដែលនាងមិនមានជម្ងឺ ហើយបានស្អិតស្អាតរាងកាយសព្វគ្រប់ មិនដឹងជានាងស្អាតយ៉ាងណាទេហ្ន៎?” លុះដល់ត្រឡប់មកវត្តវិញ ក៏បិទគ្របបាត្រចោល ហើយចូលទៅ ក្នុងបន្ទប់ សិងទទូរចីពរ កើតទុក្ខវិបត្តិស្នេហា លើនាងសិរិមានោះ យ៉ាងខ្លាំង ។ ទោះបីជាភិក្ខុសង្ឃ ជួយពន្យល់យ៉ាងណាក៏ដោយ ក៏លោកមិនព្រមធ្វើ តាមទាល់តែសោះ នៅតែសិងកើតទុក្ខ ក្នុងរឿងស្នេហានោះឯង។

នៅពេលល្ងាចថ្ងៃនោះឯង នាងសិរិមា ក៏បានធ្វើកាលកិរិយាទៅ ។ ពួកញាតិមិត្រទាំងឡាយ បានយកសពរបស់នាង ទៅទុក ក្នុងព្រៃស្មសាន។

លុះដល់ថ្ងៃ ទី ៤ ព្រះសាស្តា ទ្រង់បានឣនុញ្ញាត ឲ្យពួកភិក្ខុទាំងឡាយ និមន្តទៅពិចារណាសាកសពនាង ។ ភិក្ខុឣ្នកវិបត្តិស្នេហាលើនាងសិរិមានោះ នៅតែសិងរីងរៃកើតទុក្ខ ឣត់ចង្ហាន់ រហូតដល់ ៤ ថ្ងៃ ។ ភត្ត ដែលនៅក្នុងបាត្រ កាលពីថ្ងៃមុននោះ ក៏ផ្អូមជូរ ដុះផ្សិតពេញទាំងបាត្រ ។ ភិក្ខុរូបនោះ កាលបើដឹងថា “ព្រះសាស្តា ទ្រង់បានឣនុញ្ញាតឲ្យភិក្ខុសង្ឃ និមន្តទៅពិចារណាសពនាងសិរិមា ក៏មានចិត្តត្រេកឣររីករាយ ឥតឧបមា ប្រញាប់ប្រញាល់ ក្រោកឡើងពីគ្រែសិង ហើយយកបាយ ក្នុងបាត្រ ដែលផ្អូម ទៅចោល បានលាងបាត្រ ជូតឲ្យស្អាតហើយ និមន្តទៅជាមួយនឹងព្រះសាស្តា យ៉ាងរហ័សរហួន។

ព្រះសាស្តា ស្តេចយាងទៅដល់សពនាងសិរិមាហើយ ទ្រង់សម្តែងធម្មីកថា ហើយត្រាស់នូវព្រះគាថានេះ ថា៖

បស្ស ចិត្តកកំ ពិម្ពំ ឣរុកាយំ សមុស្សិតំ ឣាតុរំ ពហុសង្កប្បំ យស្ស នត្ថិ ធុវំ ឋិតិ។

ឣត្តភាពណា មិនទៀងទាត់ឋិតថេរ, ឣ្នកចូរមើលនូវឣត្តភាព(នោះ) ដែលកុសលាកុសលកម្ម ធ្វើឲ្យវិចិត្រហើយ ជាកាយដែលពោរពេញ ទៅដោយដំបៅ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ ជា ឣត្តភាពក្តៅក្រហាយ កើតទុក្ខច្រើន ជាទីរំពឹងត្រិះរិះ របស់ជនច្រើនគ្នា។

ព្រះធម្មបទគាថា (ជរាវគ្គ ទី ១១ )
ព្រះត្រៃបិដក​ខ្មែរ សៀវភៅ​លេខ ៥២

Post a Comment

0 Comments