ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងព្រះធម៌ទេសនា អ្នកយកដងខ្លួនអ្នកធ្វើជាស្ពាន សម្រាប់ចម្លងទុក្ខអ្នកដទៃ... ។
នេះជាព្រះពុទ្ធដីកា ដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គថ្លែងនៅវត្តជេតពន អំពីការលះបង់ដ៏អស្ចារ្យមួយដែលព្រះពោធិសត្វបានសាងដើម្បីស្វែងរកសេចក្តីសុខជូនអ្នកដែលរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ នៅពេលដែលព្រះភិក្ខុទាំងឡាយកំពុងពិភាក្សាអំពីគុណសម្បត្តិនៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ថ្លែងទៅកាន់ភិក្ខុទាំងនោះថា៖
មិនមែនតែក្នុងជាតិនេះទេ ដែលតថាគតបានជួយសង្គ្រោះសត្វលោក សូម្បីតែពីអតីតជាតិ ស្ថិតក្នុងឋានៈជាសត្វក្តី ក៏តថាគតធ្លាប់បានបូជាជីវិតផ្ទាល់ ដើម្បីផ្តល់សេចក្តីសុខដល់អ្នកដទៃដែរ។
រួចមហាបរមគ្រូទ្រង់សម្តែងព្រះធម្មទេសនា ដែលមានអត្ថន័យដូចតទៅ៖
មានរឿងតំណាលថា កាលពីអតីតកាលយូរលង់ណាស់មកហើយ ដែនកាសីមានស្តេចពានរមួយ រស់នៅដោយសុខសាន្តជាមួយពានរទាំងឡាយចំនួនប្រាំបីម៉ឺននាក់។ នៅតាមមាត់ទន្លេគង្គានាព្រៃហេមពាន្តមានដើមស្វាយមួយដើមដ៏ធំខ្ពស់មានមែកសាខាគួរជាទីមនោរម្យ។ ដើមស្វាយដ៏ធំនេះ ជាជម្រកប្រចាំជីវិតផង ជាកន្លែងផ្តល់អាហារដល់សត្វពានរទាំងឡាយនោះផង។ នៅក្បែរគល់ស្វាយតែងមានផ្លែខ្ចីទុំធ្លាក់ដេរដាសជាចំណីបរិបូណ៌សម្រាប់សត្វពានរទាំងឡាយនោះ។
ថ្ងៃមួយស្តេចពានរបានពិចារណាក្នុងចិត្តថា៖
ថ្ងៃណាមួយពួកយើងប្រាកដជាមានគ្រោះថ្នាក់ជាមិនខាន ប្រសិនបើមានស្វាយទុំណាមួយខាងមែកលើមាត់ទន្លេធ្លាក់ចុះទៅក្នុងទឹកនោះ។
គិតដូច្នេះហើយ ស្តេចពានរបានប្រមូលសត្វពានរទាំងអស់មកប្រាប់ថា៖
ន៎ែអ្នកទាំងអស់គ្នា ចូរប្រយ័ត្នឱ្យបានហ្មត់ចត់ជាទីបំផុត កុំឱ្យស្វាយទុំខាងមែកដែលដុះលើមាត់ទន្លេនោះជ្រុះធ្លាក់ទៅក្នុងទឹកឱ្យសោះ។ យើងអាចទទួលគ្រោះមហន្តរាយដល់ជីវិត បើកាលណាពួកមនុស្សរើសផ្លែស្វាយនេះបាន។ ដូច្នេះ ចូរអ្នកទាំងអស់គ្នាឆាប់បេះ ឬកំទេចចោលនូវផ្លែឈើខ្ចីៗ ដែលដុះចេញពីមែកឈើលើមាត់ទន្លេ។ យើងធ្វើយ៉ាងនេះ ដើម្បីចៀសវាងកុំឱ្យមានផ្លែណាមួយទុំជ្រុះទៅក្នុងទឹក ហើយអាចរសាត់តាមទឹកហូរធ្លាក់ដល់ដៃមនុស្ស ដែលរស់នៅតាមមាត់ទន្លេគង្គាខាងក្រោម។
សត្វពានរទាំងឡាយ ក៏ប្រុងប្រយ័ត្នធ្វើតាមបញ្ជានៃស្តេចពានរហើយបានរស់នៅដោយសុខសាន្តតរៀងមក។
ព្រះបាទព្រហ្មទត្ត ទ្រង់គង់នៅក្រុងពារាណសី ហើយទ្រង់គ្រប់គ្រងព្រះរាជាណាចក្រដោយសុខក្សេមក្សាន្ត។
ថ្ងៃនេះ ព្រះរាជាហែហមដោយនាម៉ឺនសព្វមុខមន្ត្រីជាច្រើនបានយាងទៅក្រសាលស្រង់ទឹកនៅទន្លេគង្គា ដែលហូរកាត់មុខព្រះបរមរាជវាំង។ ពួកសេនាប្រុសស្រីទាំងឡាយ មានភាពរីករាយក្នុងថ្ងៃសម្រាកនេះជាពន់ពេក។ អ្នកខ្លះមុជហែលលេង តាមចរន្តទឹកដ៏ថ្លាឆ្វង់ ដែលហូរធ្លាក់មកពីភ្នំហេមពាន្ត។ អ្នកខ្លះទៀតស្ទូចត្រី ខ្លះបង់សំណាញ់ រាយមងឬចែវទូកលេងបញ្ចេញសំឡេងខ្ញៀវខ្ញារឮរំពងអឺងកង ក្នុងទន្លេគង្គាហាក់ដូចជាមានសេចក្តីសុខសាន្តដ៏ប្រពៃណាស់។ ឋិតក្នុងសភាពដ៏សប្បាយរីករាយនោះ ស្រាប់តែមានសេនាពីរនាក់ស្រែកឆោឡោឡើងថា៖
ន៎ែ! អ្នករាល់គ្នាមកនេះ យើងបង់សំណាញ់ទៅបានផ្លែឈើមួយធំណាស់ ហើយមានក្លិនក្រអូបឈ្ងុយឈ្ងប់តែម្តង។ ចម្លែកណាស់យើងពុំដែលបានជួបផ្លែឈើដូច្នេះទេពីមុនមក។
បន្ទាប់មក គេក៏យកផ្លែឈើដ៏ធំនោះ ទៅថ្វាយព្រះរាជា។ ព្រះបាទព្រហ្មទត្ត ទ្រង់ទតផ្លែឈើនោះហើយ ព្រះអង្គទ្រង់ឆ្ងល់ជាពន់ពេកអំពីប្រភពនៃដើមឈើនោះ។ ព្រះអង្គទ្រង់បានបញ្ជាឱ្យសេនាម្នាក់ទៅអញ្ជើញព្រានព្រៃមកសួរអំពីប្រភពនៃផ្លែឈើនោះ។ ក្រោយពីបានពិនិត្យផ្លែឈើរួចហើយ នាយព្រានព្រៃបានទូលព្រះបាទព្រហ្មទត្តថា "ផ្លែឈើនេះពិតជាផ្លែស្វាយ ដែលដុះតាមមាត់ទន្លេគង្គានាព្រៃហេមពាន្តប្រាកដមែន"។ ដោយបានទទួលរាជានុញ្ញាតពីព្រះបាទព្រហ្មទត្ត ព្រានព្រៃក៏ភ្លក្សផ្លែស្វាយនោះ ហើយព្រះរាជាព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីធំៗ ក៏បានភ្លក្សរសជាតិស្វាយទុំនោះបន្តិចម្នាក់គ្រប់ៗគ្នាដែរ។ ដោយត្រូវទឹកសន្សើមនៃព្រៃហេមពាន្តវេលាយប់ និងកំដៅព្រះអាទិត្យនៅពេលថ្ងៃ ផ្លែស្វាយនោះមានរសជាតិផ្អែមពិសេស ហើយធំជាងផ្លែស្វាយនានា ដែលធ្លាប់មាននៅដែនកាសី។ រសជាតិស្វាយដ៏ផ្អែមឈ្ងុយឈ្ងប់នោះ បានធ្វើឱ្យព្រះបាទព្រហ្មទត្ត ទ្រង់ដិតអារម្មណ៍រហូតបណ្តាលឱ្យព្រះអង្គទ្រង់រវើរវាយសឹងតែធ្វើការអ្វីលែងកើត។ ព្រះអង្គគិតតែអំពីផ្លែស្វាយនោះ រហូតយល់សប្តិឃើញ ទាំងដើម ទាំងផ្លែលឿងទុំ បក់រយីងរយោងតាមខ្យល់គួរជាទីរីករាយពន់ពេក។ បន្ទាប់មកព្រះបាទព្រហ្មទត្ត ទ្រង់បានត្រាស់បង្គាប់នាយព្រានព្រៃ និងពលសេនារៀបចំក្បួនទ័ពសំពៅមួយនាំព្រះអង្គឡើងទៅកាន់ព្រៃហេមពាន្ត។ ការធ្វើដំណើរត្រូវចំណាយពេលអស់មួយថ្ងៃគត់។ ក្បួនទ័ពសំពៅក៏បាននាំព្រះរាជាមកដល់ដៃទន្លេគង្គានៃព្រៃហេមពាន្តដូចបំណងដោយសុវត្ថិភាព។
ពេលនោះ នាយព្រានព្រៃបានទូលថ្វាយព្រះបាទព្រហ្មទត្តដោយចង្អុរទៅដើមស្វាយពីចម្ងាយថា៖ "បពិត្រព្រះរាជា នុ៎ះហ្ន៎! គឺជាដើមស្វាយទិព្វ ដែលព្រះអង្គកំពុងស្វែងរក ក្រាបទូល! ជាដើមឈើមួយដ៏ធំខ្ពស់សន្ធៃផុតដើមឈើនានា ប្រកបដោយមែកស៊ុបទ្រុប គ្របលើមាត់ច្រាំងទន្លេគង្គា។
ព្រះរាជាទ្រង់សព្វព្រះរាជហឫទ័យឥតគណនាហើយ ទ្រង់មានព្រះបន្ទូលថា៖
ប្រសើរណាស់នាយព្រានព្រៃ តែយើងពុំអាចចូលទៅបេះផ្លែវាបានទេ ព្រោះរាត្រីកាលក៏បានឈានចូលមកដល់ដែរ។ យើងត្រូវតែបោះជំរុំសម្រាក់នៅទីនេះសិនចុះ ព្រឹកឡើងចាំយើងនាំគ្នាទៅបេះផ្លែស្វាយ។
ខណៈនោះអាមាត្យម្នាក់ បានទូលថ្វាយព្រះបាទព្រហ្មទត្តថា៖ ក្រាបទូលព្រះអង្គ នៅលើដើមស្វាយនោះ ហាក់ដូចជាមានសត្វអ្វីស្ទុងៗលោតចុះឡើងនៅលើមែក ទំនងដូចជាស្វា។ ព្រះរាជាទ្រង់ទតទៅកាន់ដើមស្វាយហើយ ក៏មានព្រះបន្ទូលថា៖
អើស្វាមែនទេតើ! មានស្វាជាច្រើនតែម្តង។ ពួកវាហ៊ានមកបេះផ្លែស្វាយយើងស៊ីផង។ ពួកទាហាន! ចូរអ្នកដុតភ្លើងគប់ឱ្យបានច្រើន ដាំលំពែង ៥០០ រយដើម រៀបចំព្យូហៈឡោមព័ទ្ធជុំវិញដើមស្វាយហើយយាមការពារយ៉ាងប្រុងប្រយ័ត្នកុំឱ្យពួកវារត់រួច។ លុះដល់ព្រឹកឡើងពួកយើងនឹងបេះផ្លែស្វាយផង បាញ់ពួកវាយកសាច់ធ្វើអាហារផង។ សកម្មភាពជុំវិញដើមស្វាយ ព្រមទាំងសម្លេងអ៊ូអរ របស់ពលទាហានធ្វើឱ្យស្វាទាំងអស់ មានការភិតភ័យញ័ររន្ធត់យ៉ាងខ្លាំង។ ពួកគេបានយករឿងអាសន្ននេះទៅទូលស្តេចពានរថា៖
ក្រាបទូលព្រះអង្គ ពេលនេះយើងមានគ្រោះថ្នាក់ដល់ជីវិតហើយ។ ព្រឹកឡើងពួកទាហានមុខជានឹងបាញ់ធ្នូសម្លាប់ពួកយើងជាមិនខាន។ តើមានមធ្យោបាយយ៉ាងណា ដើម្បីគេចខ្លួនឱ្យរួចពីទីនេះបានទេ បើគ្នាយើងមានច្រើនម្លឹងនោះ ព្រមទាំងមានកូនចៅតូចៗទៀតផង?។
ស្តេចពានរធានាអះអាង ដោយគ្មានតក់ស្លុតចំពោះគ្រោះថ្នាក់នោះឡើយ ហើយពោលថា៖
ចូរអ្នកទាំងអស់គ្នាកុំអាលផ្អើលឆោឡោអី ហើយចូរតាំងចិត្តឱ្យបានស្ងប់ស្ងាត់ ធ្វើហាក់ដូចជាមិនបានឃើញព្រឹត្តិការណ៍អ្វីកើតឡើង។ ខ្ញុំនឹងរកមធ្យោបាយដោះស្រាយជួយសង្គ្រោះជីវិតរបស់អ្នកទាំងអស់គ្នាឱ្យបាន។
នៅពេលដែលស្តេចពានរពិនិត្យរកហេតុផលដែលនាំឱ្យផ្លែស្វាយធ្លាក់ដល់ដៃមនុស្ស នៅតាមមាត់ទន្លេគង្គាខាងក្រោម ក៏សង្កេតឃើញសំបុកអង្រ្កងមួយដ៏ធំ។ ទើបស្តេចពានរវិនិច្ឆ័យថា សំបុកអង្ក្រងនោះហើយដែលអាចបិទបាំងឱ្យផ្លែស្វាយទុំក្នុងនោះបាន ព្រោះស្វាទាំងឡាយ មិនអាចចូលជិតបាន។ រីឯស្វាយនោះ លុះទុំហើយក៏ជ្រុះធ្លាក់ចូលទៅក្នុងទឹករសាត់ដល់ដៃមនុស្ស ទើបបណ្តាលឱ្យយើងមានរឿងដូច្នេះឯង។ ពិចារណារួចហើយ ស្តេចពានរក៏ឡើងទៅកាន់មែកស្វាយយ៉ាងខ្ពស់មួយ ដែលដុះទេរទៅមាត់ទឹកទន្លេ។ ស្តេចពានរ បានលោតបោះពួយយ៉ាងខ្លាំងសំដៅទៅកាន់ត្រើយម្ខាងទៀតនៃមាត់ទន្លេ។ ស្តេចពានរបានធ្លាក់ចូលទៅក្នុងគុម្ពោធព្រៃឫស្សីដ៏ក្រាស់។ ស្តេចពានរបានដកយកវល្លិផ្តៅធំមួយប្រវែង ១០០ ជួរធ្នូយកមកចងព័ទ្ធជុំវិញចង្កេះ រួចឡើងផុតកំពូលដើមឈើមួយដើមទៀតពីត្រើយម្ខាង។ ស្តេចពានយកវល្លិម្ខាង ចងភ្ជាប់នឹងមែកឈើដែលទេរមកកាន់មាត់ទន្លេ រួចហើយស្តេចពានរ យោលខ្លួនលោតបោះពួយយ៉ាងខ្លាំង សំដៅទៅកាន់ដើមស្វាយធំរបស់ខ្លួនវិញ។ តែគួរឱ្យស្ដាយណាស់ ស្តេចពានរលោតពុំដល់កន្លែងវិញដូចបំណងឡើយព្រោះវល្លិខ្លីជាងការស្មានទុក។ ស្តេចពានរត្រូវធ្លាក់មកប៉ះចុងមែកស្វាយមួយ ហើយខ្លួនខំប្រឹងប្រវាតោងជាប់ដោយដៃទាំងពីរ។ ស្តេចពានរបានយកដៃទាំងពីរមកតោងបន្តភ្ជាប់ជាមួយមែកស្វាយជំនួសវល្លិផ្តៅវិញ។ នៅពេលដែលតោងមែកស្វាយជាប់ហើយ ស្តេចពានរបញ្ជាទៅកាន់ពលសេនារបស់ខ្លួនឱ្យនាំគ្នាប្រញាប់ប្រញាលឆ្លងលើខ្នងទៅកាន់ត្រើយម្ខាងទៀត។ ពានរទាំងឡាយបាននាំគ្នាឱនគោរពសូមខមាទោសស្តេចរបស់ខ្លួន ហើយក៏នាំគ្នាឆ្លងលើខ្នងស្តេចពានរជាស្ពានបន្តជាមួយវល្លិទៅកាន់ត្រើយម្ខាងទៀត។ ក្នុងពេលឆ្លងនោះមាននាយក្រុមម្នាក់ឈ្មោះ លោកលកបិ មានចិត្តច្រណែនឈ្នានីសស្តេចពានរពីមុនស្រាប់ក៏ឆ្លៀតឱកាស ព្យាបាទនាយរបស់ខ្លួន ដោយលោតទម្លាក់ខ្លួនយ៉ាងខ្លាំងលើខ្នងនាយរបស់ខ្លួន បណ្តាលឱ្យស្តេចពានរបាក់ឆ្អឹងខ្នង និងប្រេះបេះដូងមានការឈឺចុកចាប់យ៉ាងខ្លាំង។ ពេលនោះស្តេចពានរធ្លាក់ឈាមចេញតាមភ្នែកខ្លះ តាមមាត់ខ្លះ តាមច្រមុះខ្លះ ទុក្ខវេទនាដ៏ខ្លាំងក្លាបានកើតឡើង។ តែទោះបី មានរបួសធ្ងន់យ៉ាងណាក្តីស្តេចពានរនៅតែខំទ្រាំតោងមែកឈើ ឱ្យបរិវាទាំងអស់ឆ្លងលើខ្នងខ្លួនតទៅទៀត។ ដោយខំប្រឹងតោងមែកស្វាយទប់ខ្លួនឱ្យបរិវាឆ្លងផង និងមានរបួសក្នុងខ្លួនយ៉ាងខ្លាំងផង ស្តេចពានរ ក៏សន្លប់បាត់ស្មារតី តែដៃទាំងពីរនៅតែតោងមែកឈើដដែល ហាក់ដូចជារង់ចាំពលរេហ៍ទាំងអស់ឆ្លងបន្តទៀត។ ពេញមួយរាត្រីស្វាទាំងប្រាំបីម៉ឺនបានឆ្លងផុតពីគ្រោះទាំងអស់គ្នា។
ព្រះបាទព្រហ្មទត្តទ្រង់ទតឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការរន្ធត់ហឫទ័យ ស្រក់ទឹកព្រះនេត្រកោតសរសើរ ព្រមទាំងអាណិតពានរនេះយ៉ាងខ្លាំង។ ព្រះអង្គពុំបានផ្ទុំពេញមួយរាត្រី។ ព្រះរាជាទ្រង់ពិចារណាថា៖
នេះគ្រាន់តែជាសត្វពានរសោះ ព្យាយាមប្រឹងប្រែងបណ្តោះគ្នាគេឱ្យឆ្លងផុតពីគ្រោះថ្នាក់ សូម្បីជីវិតរបស់ខ្លួនឯង ក៏មិនបានគិតឡើយ។
គិតដូច្នោះហើយ ព្រះរាជាបានប្រើនាយទាហានដ៏ចំណានយកស្នែងឡើងទៅលើដើមស្វាយ ហើយនាំគ្នាគ្រាហ៍យកពានរចុះមកក្រោម។ ព្រះរាជាបានបញ្ជាឱ្យគ្រូពេទ្យព្យាបាលរបួសពានរ។ គេនាំគ្នាជូតសម្អាតឈាមលើខ្នង លាបប្រេងក្រអូប និងដណ្តប់នូវផាហ៊ុមពណ៌លឿងហើយផ្តេកស្តេចពានរទៅលើគ្រែមួយដ៏ប្រណីត។ ព្រះរាជាគង់នៅក្បែរពានរដែលសន្លប់ពុំដឹងខ្លួន ដោយព្រះទ័យញាប់ញ័រយ៉ាងខ្លាំង។ ព្រះអង្គទ្រង់គង់រង់ចាំដោយសង្ឃឹមថា ស្តេចពានរនឹងបើកភ្នែករស់ឡើងវិញ។ បន្ទាប់មកប្រមាណជាជាងពីរយាមក្រោយមក ស្តេចពានររើខ្លួនបន្តិចម្តងៗ ហើយបើកភ្នែកសម្លឹងមើលអ្នកជុំវិញខ្លួន។ ព្រះរាជាឃើញដូច្នេះ ក៏មានព្រះរាជហឫទ័យត្រេកអរជាពន់ពេក ព្រះអង្គទ្រង់ឱនជិតត្រចៀកស្តេចពានរ ហើយពោលដោយរំភើបថា៖
អ្នកយកដងខ្លួនអ្នកធ្វើជាស្ពាន សម្រាប់ចម្លងជីវិតអ្នកដទៃ ដោយអ្នកសុខចិត្តប្តូរជីវិតរបស់អ្នក។ តើអ្នកជាអ្នកណាដែរ? ដោយគ្មានសម្តែងនូវការតក់ស្លុតបន្តិចបន្តួចឡើយ។
ស្តេចពានរឆ្លើយទៅកាន់ព្រះរាជា វិញដោយទន់ភ្លន់ថា៖
បពិត្រព្រះរាជាដ៏ធំលើសមនុស្សនានានៃដែនកាសី ទូលព្រះបង្គំជាស្តេចពានរ។ ពានរទាំងឡាយនោះជាពលបរិវា កូនចៅរបស់ទូលព្រះបង្គំ។ ទូលព្រះបង្គំមិនបារម្ភពីក្តីមរណៈផ្ទាល់ខ្លួនឡើយ ឱ្យតែទូលព្រះបង្គំអាចរកសេរីភាព ជូនពលបរិវាររបស់ទូលព្រះបង្គំបាន ព្រោះទូលព្រះបង្គំមាននាទីជាអ្នកគ្រប់គ្រង រក្សាសុខុមាលភាពរបស់ពួកគេ។ ទូលព្រះបង្គំសប្បាយចិត្តណាស់ ដែលទូលព្រះបង្គំបានចម្លងពួកគេ ឱ្យផុតពីក្តីមហន្តរាយ។ ឱ! ព្រះរាជា ទូលព្រះបង្គំ និងព្រះអង្គមានមុខនាទីដូចគ្នា។ បើអំពើរបស់ទូលព្រះបង្គំថ្ងៃនេះ អាចចាត់ទុកបានជាមេរៀនសម្រាប់ព្រះអង្គ និងអ្នកគ្រប់គ្រងព្រះរាជាណាចក្រនានាក្នុងលោកទៅអនាគត សូមព្រះអង្គជ្រាបថា មិនមែនព្រះខ័ន ឬមកុដរបស់ព្រះអង្គទេ ដែលធ្វើឱ្យព្រះអង្គ ទ្រង់ទៅជាព្រះមហាក្សត្រនោះ។ មានតែសេចក្តីមេត្តានិងករុណា ចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គនោះទេ ដែលធ្វើឱ្យព្រះអង្គជាព្រះមហាក្សត្រពិត សូមព្រះអង្គទ្រង់ជ្រាប។ សូមព្រះអង្គកុំយកព្រះរាជអំណាចមកត្រួតត្រាលើប្រជារាស្ត្ររបស់ព្រះអង្គ ដោយសារតែគ្នាជាប្រជារាស្ត្ររបស់ព្រះអង្គនោះ។ ផ្ទុយទៅវិញ សូមព្រះអង្គយកធម៌មេត្តានិងករុណាមកអនុវត្តសម្រាប់គ្រប់គ្រងវិញ ទើបប្រសើរជាង។ សូមមហាបពិត្រគ្រប់គ្រងរដ្ឋប្រកបដោយទសពិធរាជធម៌និងមាននូវសង្គហធម៌ទាំង៤គឺ ទាន ១ បិយវាចា ១ អត្ថចរិយា ១ សមានត្តតា ១ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គសព្វកាល។
ពោលបានតែប៉ុណ្ណេះ មហាពានរក៏បិទភ្នែកផុតដង្ហើមលាចាកលោកនេះទៅ។ ព្រះរាជា និងពលសេនាប្រុស ស្រីទាំងឡាយកើតទុក្ខក្រៀមក្រំ យំសោកស្តាយមហាពានរជាពន់ពេក។ ព្រះបាទព្រហ្មទត្តទ្រង់បានដង្ហែសពមហាពានរយកមកធ្វើបុណ្យយ៉ាងអធិក អស់រយៈពេល ៧ យប់ ៧ ថ្ងៃនៅឯក្រុងពារាណសី។
រំលឹកដល់គុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហាពានរដែលបានផ្តល់ឱវាទសម្រាប់គ្រប់គ្រងរដ្ឋដល់ព្រះរាជា និងរលឹកដល់គុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហាពានរដែលជាអ្នកលះបង់ជីវិតក្នុងភាពជាអ្នកដឹកនាំ។ ព្រះរាជាបានសាងមហាចេតិយមួយដ៏ប្រណីត ថ្វាយដល់មហាពានរដោយចារឹកនាម និងឧទ្ទិសទុកថា "ចេតិយមហាពានរពារាណសី"។
ចាប់តាំងពីពេលនោះមក ព្រះបាទព្រហ្មទត្ត ទ្រង់បានគ្រប់គ្រងព្រះរាជាណាចក្រប្រកបដោយធម៌ដ៏ប្រពៃ តាមបណ្តាំស្តេចពានរ។ អំពើដ៏ប្រសើរនេះ នាំឱ្យរដ្ឋកាសីទាំងមូល កាន់តែជួបនូវសេចក្តីសុខសេចក្តីចម្រើនរុងរឿង ហើយរឹតតែមានកិត្តិយសល្បីល្បាញលើសនគរនានាក្នុងសម័យនោះ។
នៅអវសានកថាព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រជុំជាតកថា ស្តេចពានរនោះជាព្រះពោធិសត្វ ដែលអន្ទោលជាតិមកកើតជាតួអង្គនៃតថាគតនេះឯង។ ដោយការខំសាងបុណ្យបារមីក្នុងជាតិបន្តបន្ទាប់មក ហើយដោយជាប់ចិត្តស្រឡាញ់គោរពមហាសត្វពានរនោះផង ព្រះបាទព្រហ្មទត្តក៏បានយោងកំណើតមកកើតជាព្រះអានន្ទត្ថេរនេះឯង។ ចំណែកឯលោលកបិ ដែលបៀតបៀនស្តេចពានរនោះ បានមកកើតជាទេវទត្ត។
ដកស្រង់ចេញពីសៀវភៅ មាគ៌ាជីវិតនៃព្រះពោធិសត្វ លោកបណ្ឌិត កុល ផេង




0 Comments