តាំងអំពីថ្ងៃដែលព្រះបរមពោធិសត្វចាប់បដិសន្ធិមកទល់នឹងថ្ងៃព្រះអង្គប្រសូតគំរប់មួយទស្សមាសគត់(១០ខែ) មានទេវបុត្របួនអង្គ ដែកលមានព្រះហស្តកាន់ព្រះខ័នឃ្លាំចាំរក្សានិងការពារនូវសេចក្តីអន្តរាយ មិនអោយកើតមានដល់ព្រះទារកនិងព្រះវរមាតាឡើយ ។
តាមទំនៀមទំលាប់ជនជាតិឥណ្ឌានាសម័យនោះ ដល់ពេលសំរាលបុត្រម្តងៗស្ត្រីឥណ្ឌាតែងតែត្រឡប់នៅខាងផ្ទះមាតាបិតានៃខ្លួនវិញ ។ ចំពោះព្រះនាងសិរិមហាមាយាក៏ដូច្នោះដែរ ពេលព្រះគភ៌បរិបូណ៌គំរប់១០ខែហើយ ព្រះនាងក៏មានប្រាថ្នាយាងទៅកាន់វេទហនគរ ដែលជាភូមិរបស់ព្រះនាង ទើបទៅក្រាបបង្គំទូលព្រះភស្តាដើម្បីសូមរាជានុញ្ញាត ។ ព្រះរាជាយល់សព្វហេតុការណ៍ទើបទ្រង់អនុញ្ញាតនិងទ្រង់ត្រាស់បញ្ជាអោយរាជអាមាត្យរៀបក្បួនរទេះគោនិងរទេះ ដើម្បីនឹងដង្ហែព្រះអគ្គមហេសីទៅកាន់ នគរទេវទហៈ ។
លុះដល់ថ្ងៃសុក្រ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច(មុន ព.ស.៨០ឆ្នាំគត់) ព្រះនាងមហាមាយាទេវីចូលទៅថ្វាយបង្គំលាព្រះភស្តា ហើយក៏យាងព្រះដំណើរចេញទៅកាន់ស្រុកកំណើតជាមួយអស់ពួកសេនាភីលាងដែលជាបរិពារ ។ នៅក្នុងព្រះរាជដំណើរ ព្រះនាងបានឈប់សំរាកព្រះកាយនៅពាក់កណ្ដាលផ្លូវក្នុងឧទ្យានមួយឈ្មោះ លុម្ពិនី ដែលស្ថិតនៅព្រំដែននៃនគរទាំងពីរគឺ កបិលពស្តុ និង ទេវទហៈ (សព្វថ្ងៃហៅថា រុម្មិនដេ ក្នុងខេត្ត ប៉ាជារិយ៉ា នៃប្រទេសនេប៉ាល់) ។ ព្រៃលុម្ពិនីមានខ្យល់ត្រជាក់បក់ស្រួលណាស់ រុក្ខជាតិនិងវល្លិជាតិលូតលាស់ខៀវស្រងាត់គួរអោយគយគន់ ។ បប្ផាជាតិរីកស្កុះស្គាយ និងចោលក្លិនសុគន្ធពិដោរក្រអូបសាយ ។ មានម្រឹគីម្រឹគារត់ចុះឡើង និងបក្សាបក្សីតូចធំប្រចិកប្រលែងគ្នាលេងយ៉ាងអឺងកងក្ញៀវក្ញា ។ ភាពដ៏សែនមនោរម្យនេះហើយ ដែលធ្វើអោយអ្នកដំណើរទាំងឡាយ ចូលឈប់សំរាកយកកម្លាំងនៅទីលុម្ពិនីនេះ មុននឹងបន្តដំណើរទៅមុខទៀត ។ ព្រះនាងសិរិមហាមាយាមានព្រះហឫទ័យចង់ចូលទៅប្រពាតព្រៃម្ដុំនេះ ។ ពួគរាជអាមាត្យក៏យាងព្រះនាងចូលទៅ ។ ពេលយាងទៅដល់ក្រោមដើមរាំងភ្នំមួយ(ឬដើមសាលព្រឹក្ស) ព្រះនាងទ្រង់ឈោងព្រះហស្តខាងស្តាំចាប់កាច់ផ្ការាំងភ្នំមួយទង ក្សិណនោះព្រះនាងក៏មានអារម្មណ៍ធីងធោងទើបស្រវាឈោងចាប់មែករាំងភ្នំនោះ ដើម្បីទប់អង្គប្រាណ ។ ស្រីស្នំទាំងឡាយបានយល់ហេតុថាព្រះនាងនឹងសំរាលបុត្រក្នុងពេលឥឡូវនេះហើយក៏នាំគ្នាយកសន្ធិយា(វាំងនន) ទៅបិទបាំងនៅក្រោមដើមរាំងភ្នំនោះ ។ ព្រះនាងនៅឈរប្រតោងមែករាំងភ្នំរហូតដល់ព្រះពោធិសត្វទ្រង់ប្រសូតចាកព្រះឧទរ ក្នុងវេលាថ្ងៃជិតត្រង់ ។ ព្រះទារកមានរូបឆោមល្អបរិសុទ្ធ មានសុខភាពបរិបូណ៌និងគ្រប់លក្ខណៈ ក្នុងថ្ងៃសុក្រ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំច ត្រូវនឹងថ្ងៃទី ៨ មេសា ។ ព្រះទារកត្រូវបានស្រីស្នំទាំងឡាយយកទៅស្រង់វារី(ទឹក) ដើម្បីដុសលាងមន្ទិលគភ៌និងរុំដណ្ដប់ដោយសំពត់សូត្រពណ៌លឿង ។
តាមប្រភពមហាជនដែលបានឃើញការប្រសូត្នេះផ្ទាល់ភ្នែកបាននិយាយថាៈ ពេលព្រះនាងយាងទៅដល់ក្រោមដើមរាំងភ្នំក្នុងសួនលុម្ពិនី ក៏មានព្រះទ័យចង់ឈោងចាប់មែករាំងភ្នំនោះ ។ ប៉ុន្តែព្រះនាងឈោងចាប់ពំុដល់ ក៏ស្រាប់តែមែករាំងនោះទោរទន់ចុះមក្រោមដោយឯកឯង ដើម្បីអោយព្រះនាងចាប់ ។ រួចមកព្រះនាងក៏ប្រឈួនព្រះឧទរ(ឈឺពោះសំរាលបុត្រ) ។ ព្រះពោធិសត្វទ្រង់ប្រសូតមកដោយស្រួល និងមានទឹកក្តៅទឹកត្រជាក់ហូរធ្លាក់ចុះដោយឯកឯងមកលាងបន្ទិលគភ៌ ។ ទ្រង់ប្រសូត្រមកភ្លាមមានពួក សុទ្ធោវាសមហាព្រហ្ម ទាំង៤ បានយកផ្ទាំងសំពត់ពណ៌មាស(បណ្តាញមាស) មកទទួល ។ ចាតុម្មហារាជ រក្សាទិសទាំង៤បានទទួលយកពីមហាព្រហ្ម ។ ពួកស្រីស្នំក៏ទទួលយកពីដៃចាតុម្មហារាជបន្តទៅទៀត ។ ព្រះរាជកុមារទ្រង់សំរូតចុះចាកពីដៃស្រីស្នំរួចទ្រង់ប្រថាប់ឈរស៊ប់លើផែនដីដោយព្រះបាទទាំងគូ ។ មហាព្រហ្មយក ស្វេតឆ័ត្រ(ខ្លោះ)មកបើកបាំងថ្វាយ ។ សុយាមទេវរាជ យកវិជនី(ផ្លិត)មកបក់ថ្វាយ ។ ទេវបុត្តមួយអង្គកាន់កែវ៧ប្រការ ទេវបុត្រមួយអង្គកាន់សុវណ្ណបាទុក(ស្បែកជើងមាស) និងទេវបុត្រមួយអង្គទៀតកាន់គ្រឿងប្រដាប់រាជ៥យ៉ាង(កុក្កុធភ័ណ្ឌ) គឺៈ មកុដ១ ព្រះខ័ន១ ស្វេតឆត្រ១ សុពណ៌បាត១ និងវាលវីជនី១ ។ ព្រះពោធិសត្វក៏ទ្រង់ប្រមើលមើលទៅកាន់ទិសទាំង១០គឺទិសធំ៤ទិសតូច៤ ទិសខាងក្រោមនិងទិសខាងលើ ក៏ពុំឃើញមានជនណាម្នាក់ស្មើនឹងព្រះអង្គឡើយ ទើបទ្រង់កំណត់ទុកក្នុងព្រះហឫទ័យថានេះជាទិសខាងជើង(ឧត្តរ) ។ រំពេចនោះ ព្រះអង្គទ្រង់ប្រថាប់ឈរបែរព្រភ័ក្ត្រទៅទិសឧត្តរនោះ រួចហើយទ្រង់យាងទៅអស់៧ជំហាននិងក្នុងជំហាននីមួយៗមានផ្កាឈូកលេចចេញអំពីដីមកទ្រព្រះបាទ ។ បន្ទាប់មក ព្រះពោធិសត្វក៏បន្លឺនូវព្រះអសភិវាចាថាៈ
"ខ្លួនអញជា កំពូលនៃលោក ជាបុគ្គលដ៏ប្រសើរវិសេសលើសគេក្នុងលោក ជាចម្បងជាងគេទាំងអស់ក្នុងលោក ជាតិនេះគឺជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញ អំណេឹះអំពីជាតិនេះទៅ អាត្មាអញនឹងមិនកើតទៀតឡើយ"។
ក្នុងពេលប្រសូតនេះមានហេតុអស្ចារ្យផ្សេងៗក្នុងលោកនេះ ក៏បានកើតឡើង ។ ដោយសារបារមីនៃព្រះរាជកុមារ ប្រថពីក៏កក្រើករំពើកខុសអំពីប្រក្រតី រុក្ខជាតិក៏មានផ្លែទុំខ្ចី បុប្ផាក៏រីកស្កុះស្គាយ បក្សាបក្សីក៏ស្រែកច្រៀងយ៉ាងសប្បាយអឺងកង ។ មនុស្សម្នាប្រុសស្រីនិងពួកក្សត្រទាំងពីរនគរ កើតសេចក្តីសោមនស្សរីករាយ ក៏ព្រោះបានឃើញឆព្វណ្ណរង្សី(ពន្លឺ៦ពណ៌)នៃព្រះនាងមហាមាយាទេវីនិងរាជកុមារ ។
ពេលរាជបរិពារទាំងឡាយដង្ហែព្រះនាងមហាទេវីនិងព្រះរាជបុត្រា មកដល់ព្រះរាជវាំងវិញព្រះពោធិសត្វ ត្រូវស្រីស្នំនាំយកទៅដុះលាងជំរះមន្ទិលនឹងទឹកក្តៅឧណ្ឌៗម្តងទៀត មុននឹងយកទៅផ្តេកជិតព្រះវរមាតា ។
កាលបានជ្រាបដំណឹងនេះហើយ ព្រះបាទសុទ្ធោទន៍ស្តេចយាងមកជាបន្ទាន់ដើម្បីជួបជាមួយព្រះអគ្គមហេសី និងរាជបុត្រា ។ ព្រះមហាក្សត្រទ្រង់ព្រះអំណរយ៉ាងខ្លាំង កាលបានទតឃើញព្រះអគ្គមហេសី និងព្រះរាជបុត្រាបានសេចក្តីសុខ ។
នារាត្រីនោះ មានឥសីមួយអង្គឈ្មោះ អសិតតាបសកាឡទេវិល រស់ក្នុងព្រៃភ្នំជិតព្រះរាជវាំងនោះនិងត្រូវជាជីតុន(គ្រូអាចារ្យ)នៃព្រះបាទសុទ្ធោទន៍ផង បានសង្កេតឃើញពន្លឺរស្មីចាំងផុសឡើងព័ទ្ធជុំវិញព្រះរាជតំណាក់នៃព្រះមហាក្សត្រ ។ អសិតឥសីក៏បានកាត់យល់ថាហេតុការណ៍នេះជាប្រផ្នូលមួយដ៏ពិសេសអស្ចារ្យ លោកក៏និមន្តចុះអំពីលើភ្នំ ដោយទប់ព្រះអង្គកាយដោយឈើច្រត់ ចូលមកកាន់សំណាក់ព្រះរាជាដើម្បីសួរសុខទុក្ខ ។ ពេលអាសិតតាបសនិមន្តមកដល់ព្រះរាជាទ្រង់ធ្វើគារវៈស្វាគមន៍រួចហើយ ក៏ទ្រង់ត្រាស់បញ្ជាអោយពួកស្រីស្នំនាំព្រះពោធិសត្វមកថ្វាយអសិតតាបសដើម្បីទត ។ ពេលអសិតតាបសឱនពិនិត្យរូបលក្ខណៈព្រះរាជកុមារស្រាប់តែព្រះបាទទាំងគូរបស់ព្រះពោធិសត្វកញ្ជ្រោលពីដៃស្រីស្នំ ទៅប្រថាប់លើក្បាលអាសិតតាបសដោយចៃដន្យ ។ អសិតតាបសក៏ស្រវាទម្លាក់ខ្លួនក្រាបថ្វាយបង្គំព្រះរាជកុមារអស់ចំនួន៣ដង ។ កាលព្រះរាជាបានទតឃើញនូវភាពដ៏អស្ចារ្យដូច្នោះកើតឡើង ព្រះអង្គក៏លុតជង្គង់ថ្វាយបង្គំបុត្ររបស់ព្រះអង្គជាលើកទី១ដូចអសិតតាបសក្នុងពេលនោះភ្លាមដែរ ។
បន្ទាប់ពីបានពិនិត្យព្រះលក្ខណៈនៃព្រះពោធិសត្វសព្វគ្រប់មក អសិតតាបសក៏ព្យាករណ៍ក្នុងខ្លួនថាៈ
"ព្រះរាជកុមារនេះនឹងបានត្រាស់ជាព្រះពុទ្ធ ឥតមានសង្ស័យឡើយ"។
កាលបានដឹងនូវហេតុយ៉ាងដូច្នោះហើយ អសិតតាបស់ក៏តាំងសើចក្អាកក្អាយមួយសន្ទុះមកក៏បែរជាយំសោកយ៉ាងខ្លាំងទៅវិញ ។ ព្រះរាជាស្រឡាំងកាំង ទើបទ្រង់ត្រាស់សួរជាបន្ទាន់ថាៈ
"កាឡទេវិលតាបស! តើមានរឿងអ្វីកើតឡើងឬ? តើព្រះរាជកុមារនេះឥតមានភ័ព្វសំណាងទេឬអ្វី?"
អាសិតតាបសលើកដៃជូតទឹកភ្នែក ក្រវីក្បាល មុននឹងបង្គំទូលថាៈ
"បពិត្រមាហារាជ! ព្រះរាជកុមារនេះមិនមែនជាអ្នកនយោបាយទេ បើសិនជានៅគ្រប់គ្រងគេហដ្ឋានក៏នឹងបានជាស្តេចចក្រពត្តិ បើចេញទ្រង់ព្រះផ្នួសក៏នឹងបានជាសាស្តាឯកក្នុងលោក ។ ព្រះអង្គជាមហាបុរសនៃពន្លឺត្រាស់ដឹង ដែលយកឋានសួគ៌និងឋានមនុស្សលោកធ្វើជាលំនៅឋានរបស់ព្រះអង្គ និងយកសត្វលោកទាំងអស់ជាញាតិសន្តាន ។ ការដែរលអាត្មាសើចនោះ ក៏ព្រោះតែអាត្មាមានអំណរនឹងព្រះអយ្យបុត្រនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងពេលខាងមុខ ។ ប៉ុន្តែហេតុដែលអាត្មាយំវិញនោះ ក៏ព្រោះតែអាត្មាគិត អាណិតខ្លួនឯងថាជាមនុស្សអភ័ព្វឥតព្រេងវាសនានឹងនៅទាន់ព្រះពុទ្ធដូចគេ និងគ្មានភ័ព្វសំណាងបានស្តាប់នូវសម្លេងព្រះអរិយសច្ចធម៌ ដែលដែលព្រះអង្គបានរកឃើញផង ។ បពិត្រមហារាជ! ព្រះអង្គនិងនគររបស់ព្រះអង្គ មានភ័ព្វសំណាងខ្ពស់ណាស់ដែលព្រះពោធិសត្វដ៏មានបុណ្យបែបនេះ កើតឡើងនៅក្នុងព្រះនគរ"។
បន្ទាប់ពីព្យាករណ៍រួចមក កាឡទេវិលតាបសក៏លាព្រះបាទសុទ្ធោទន៍ទៅកាន់លំនៅនៃប្អូនស្រីរបស់ខ្លួន ហើយបានបង្គាប់អោយ នាឡក ជាក្មួយប្រុសថាៈ
"ចូរក្មួយឯងបួស ដើម្បីរង់ចាំព្រះរាជឱរសនៃព្រះបាទសុទ្ធោទន៍ ដែលនឹងចេញបួសហើយនឹងបានត្រាស់ដឹងជាព្រះពុទ្ធពុំខាន"។ (នាឡក ក៏បានលះបង់ផ្ទះសម្បែងទ្រព្យសម្បត្តិ ចេញទៅបួសតាមបណ្តាំឪពុកមា ។ ចំណែកឯកាឡទេវិលតាបស ក្រោយមកក៏ធ្វើមរណកាលមុនពេលព្រះពុទ្ធទទួលការត្រាស់ដឹងមែន។)
ការទស្សន៍ទាយរបស់អសិតតាបស ធ្វើអោយព្រះរាជាមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ពីព្រោះព្រះអង្គមិនចង់អោយបុត្រាតែមួយព្រះអង្គ ក្លាយជាបួស ដូចតាបសឥសីរស់នៅក្នុងព្រៃភ្នំក្រំថ្មឡើយ ។
បន្ទាប់ពីព្រះរាជបុត្រប្រសូត្របានប្រាំថ្ងៃមក ព្រះមហាក្សត្រទ្រង់ប្រារព្ធនូវពិធីថ្វាយព្រះនាមដល់ព្រះរាជឱរស ទើបទ្រង់កោះប្រជុំអស់ពួកវង្សក្សត្រ ប្រមុខមន្ត្រី និងព្រាហ្មណ៍ទាំងឡាយនៅក្នុងព្រះរាជនិវេសន៍ ។ ព្រះរាជានិមន្តព្រាហ្មណ៍១០៨រូបមកទទួលចង្ហាន់ ប៉ុន្តែព្រះរាជាទុកតែព្រាហ្ម៨រូប ដែលជាអ្នកចេះចាំស្ទាត់នូវគម្ពីរត្រៃវេទ ដើម្បីព្យាករណ៍និងថ្វាយព្រះនាម ។ ព្រាហ្មណ៍ទាំង៨រូបនោះគឺៈ រាមព្រាហ្មណ៍១ លក្ខណៈព្រាហ្មណ៍១ យញ្ញព្រាហ្មណ៍១ ធជព្រាហ្មណ៍១ ភោជព្រាហ្មណ៍១ សុទត្តព្រាហ្មណ៍១ សុយាមព្រាហ្មណ៍១ និង កោណ្ឌញ្ញព្រាហ្មណ៍១ ។ មានព្រាហ្មណ៍៧នាក់(ទី១ដល់ទី៧)បានលើកម្រាមពីរទាយជាពីរចំណែកដូចអសិតតាបសដែរថាៈ
"បពិត្រព្រះសម្មតិទេព! បើព្រះរាជកុមារនៅជាឃរាវាសសោយរាជរហូតទៅ នឹងបានជាស្តេចចក្រពត្តិប្រកបដោយគុណធម៌ ជាធម្មរាជ ជាឥសូរ លើមហាទ្វីបដែលមានមាហាសមុទ្រទាំងបួនជាព្រំប្រទល់ ។ ព្រះអង្គជាអ្នកគ្រប់គ្រងលើផែនដីនៃទ្វីបទាំងបួនដោយមិនបាច់ប្រើអជ្ញាឬគ្រឿងសស្ត្រាវុធអ្វីឡើយ ។ ព្រះអង្គនឹងយកព្រះធម៌ទៅអប់រំទូន្មានសត្វលោកទាំងឡាយដោយស្មើៗគ្នា ។ បើព្រះរាជកុមារនឹងចេញទៅសាងបព្វជ្ជាវិញ ព្រះអង្គនឹងបានត្រាស់ជាព្រះអរហំ សម្មាសម្ពុទ្ធ ក្នុងលោកទាំងមូល"។
ចំពោះកោណ្ឌញ្ញព្រាហ្មណ៍(ទី៨) ដែលជាព្រាហ្មណ៍ម្នាក់ក្មេងជាងគេបានលើកចង្អុលដៃតែមួយទាយថា់ៈ
"បពិត្រមហារាជ! ព្រះរាជកុមារនេះពុំមែនជាអ្នកនៅគ្រប់គ្រងគេហដ្ឋានទេ ព្រះអង្គពិតជានឹងចេញសាងព្រះផ្នួស ដោយឥតមានអ្វីមកទប់ទល់បានឡើយ ហើយនឹងបានត្រាស់ជាព្រះពុទ្ធយ៉ាងពិតប្រាកដ"។
កាលព្រាហ្មណ៍ទាំងអស់បានទាយថ្វាយរួចហើយ ក៏ស្រុះស្រួលមូលមតិគ្នាថ្វាយព្រះនាមដល់ព្រះរាជកុមារថា "សិទ្ធត្ថៈ" ដែលមានន័យថា "អ្នកធ្វើប្រយោជន៍គ្រប់យ៉ាងអោយសំរេច" ។ (លុះក្រោយមកព្រះអង្គក៏បានទទួលនូវគោត្តនាមមួយឈ្មោះថា "គោតម" មកប្រើគួបជាមួយគ្នាហៅថា "សិទ្ធត្ថគោតម" ។ មហាជនតែងនិយមហៅតានគោត្រថា "គោតម") ។
ព្រះរាជាត្រាស់សួរទៅព្រាហ្មណ៏ទាំង៨រូបៈ
"ម្នាលព្រាហ្មណ៍ទាំងឡាយ! តើបុត្រារបស់យើងបានឃើញនូវអារម្មណ៍ដូចម្តេច បានជាចង់ចេញទៅបួសយ៉ាងដូច្នោះ?"។
ព្រាហ្មណ៍ទាំងឡាយក្រាបទូលព្រះអង្គថាៈ
"បពិត្រមហារាជ! នៅពេលនោះព្រះរាជកុមារនឹងទតឃើញនូវនិមិត្តទាំង៤ប្រការគឺៈ
-មនុស្សចាស់ជរា១
-មនុស្សឈឺ១
-មនុស្សស្លាប់១ និង
-មនុស្សអ្នកបួស១ "។
ព្រះរាជាគ្មានព្រះរាជបំណងចង់អោយព្រះរាជបុត្រាទៅសាងផ្នួសឡើយ ។ ព្រះអង្គចង់អោយព្រះរាជបុត្រានៅគ្រងរាជសម្បត្តិជំនួសព្រះអង្គ ហើយនឹងបានក្លាយជាមហាចក្រពត្រាធិរាជ នៅអនាគតតែម្យ៉ាង ។ កាលទ្រង់ព្រះសណ្តាប់ នូវពាក្យក្រាបទូលរបស់ព្រាហ្មណ៍រួចហើយទ្រង់បញ្ជាទៅពួកសេនាអាមាត្យថាៈ
"ចាប់ពីថ្ងៃនេះតទៅ អ្នកទាំងឡាយកុំគប្បីអោយមនុស្សទាំង៤ប្រភេទខាងលើនេះចូលមកជិតបុត្រាយើងអោយសោះ!"
ព្រះអង្គដាក់កំរិតយ៉ាងតឹងរ៉ឹងមិនអោយមនុស្សពីទិសទាំង៤ដែលមានសភាពដូចខាងលើនេះ ចូលទៅត្រង់រង្វង់ចក្ខុរបស់ព្រះរាជកុមារឡើយ ។
ពួកព្រាហ្មណ៍ចាស់ៗទៅហើយនោះ បានផ្តាំទៅបុត្រទាំងឡាយនៃខ្លួនថាៈ
"បើព្រះរាជឱរសនៃព្រះបាទសុទ្ធោទន៍ទ្រង់បព្វជ្ជានឹងបានត្រាស់ជាព្រះពុទ្ធហើយ ចូរបុត្រទៅបួសក្នុងសំណាក់ព្រះពុទ្ធនោះចុះ ពិតជាមិនខុសបំណងឡើយ" ។
ព្រះពោធិសត្វ ប្រសូតបានតែ៧ថ្ងៃព្រះបាទសុទ្ធោទន៍សប្បាយព្រះហឫទ័យបានតែ៧ថ្ងៃគត់ សេចក្តីទុក្ខព្រួយមួយក៏បានកើតឡើងក្នុងព្រះរាជវាំង គឺព្រះនាងមហាមាយាទេវីទ្រង់សោយព្រះវិលាល័យ យ៉ាងតក់ក្រហល់ជាទីបំផុត ។
ព្រះបាទសុទ្ធោទន៍ក៏តែងតាំង ព្រះនាងបជាបតីគោតមី ត្រូវជាអនុជក្សត្រីយ៍នៃព្រះនាងមហាមាយាទេវីនិងត្រូវជាប្អូនថ្លៃរបស់ព្រះអង្គផងអោយឡើងធ្វើជាព្រះមហាក្សត្រីយានី ។ ព្រះនាងបជាបតីក៏មានបុត្រាមួយអង្គដែរ ព្រះនាម នន្ទ ហើយព្រះនន្ទកុមារមានព្រះជន្មប្អូនព្រះពោធិសត្វតែពីរបីថ្ងៃប៉ុណ្ណោះ ។ ព្រះនាងបជាបតីគោតមីទទួលធ្វើជាមេនំបំបៅព្រះពោធិសត្វនិងបីបាច់រក្សាព្រះពោធិសត្វដោយព្រះទ័យប្រោសប្រណីដូចជាព្រះមាតាបង្កើតតរៀងទៅ ។
ព្រះពោធិសត្វព្រះជន្មគំរប៧ឆ្នាំ ព្រះបិតាបញ្ជាអោយគេជីកស្រះ៣ថ្វាយក្រសាល និងបានបញ្ជូនទៅអោយសិក្សាក្នុងសំណាក់អាចារ្យឈ្មោះ វិស្វាមិត្រ ។ ព្រះពោធិសត្វចាប់ផ្ត់មសិក្សាវិជ្ជាគ្រប់គ្រងរដ្ឋនិងយោធសាស្ត្រ ដូចជា អក្សរសាស្ត្រ នពន្តសាស្ត្រ តូរ្យតន្ត្រី អត្តពលកម្ម ជាដើម ។ ដោយមានព្របញ្ញាញាណមកពីព្រះកំណើត ព្រះសិទ្ធត្ថកុមាររៀនពូកែលើគ្រប់មុខវិជ្ជាទាំងអស់យ៉ាងឆាប់រហ័សបំផុត ។
ថ្ងៃមួយ ពេលព្រះអង្គព្រះជន្មគំរប៩ឆ្នាំ ព្រះសិទ្ធត្ថៈនិងមិត្តរួមថ្នាក់ខ្លះ ដូចជា ទេវទត្ត និង គិម្ពិល ដែលត្រូវជាបងប្អូនជីដូនមួយនឹងព្រះអង្គ បានទៅចូលរួមក្នុងពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលព្រះមហាក្សត្របានរៀបចំតាក់តែងឡើងជាលើកដំបូងនៅក្នុង វាលព្រះមេរុ៍ ជិតព្រះរាជវាំង ។ មានវង្សក្សត្រ ប្រមុខមន្ត្រី គហបតី សេនា អាមាត្យ ប្រជាពលរដ្ឋប្រុសស្រី និងកុមារាកុមារីចូលរួមទស្សនាយ៉ាងច្រើនកុះករ ។
ជាដំបូងបង្អស់ បព្វជិតព្រាហ្មណ៍សូត្រធម៌វេទយ៉ាងវែងអន្លាយ ហាក់រកទីបញ្ចប់គ្មាន និងធ្វើអោយព្រះរាជកុមារមានការអផ្សុករសាប់រសល់ក្នុងព្រះហឫទ័យ ។ ដោយអាកាសធាតុក្តៅស្អុះផង ព្រះរាជកុមារក៏យាងចេញពីមិត្តភ័ក្រ្តតែមួយព្រះអង្គឯងទៅគង់នៅក្រោមដើមព្រីងមួយ(ជម្ពូព្រឹក្ស) ដែលមានម្លប់ដ៏ត្រជាក់នៅក្បែរដងផ្លូវជិតនោះ ។ ព្រះនាងបជាបតីគោតមីបានតាមរកឃើញព្រះពោធិសត្វគង់នៅទីនោះ ហើយក៏សូមយាងព្រះអង្គអោយត្រឡប់ទៅទតមើលព្រះបិតាច្រតព្រះនង្គ័លនាពេលចុងបង្ហើយវិញ ។



0 Comments