សម្តេច ព្រះមហាឃោសានន្ទ
ការមិនធ្វើអំពើអ្វីសោះ គឺជាប្រភពនៃអំពើទាំងឡាយ។ មានតិចតួចណាស់ដែលយើង កសាងសន្តិភាពក្នុងពិភពលោកដោយគ្មានការស្ងប់ក្នុងចិត្តរបស់យើង។ -អញ្ចឹងមែន! ពេលយើងចាប់ផ្តើមកសាងសន្តិភាព យើងត្រូវចាប់ផ្តើមទៅជាមួយភាពស្ងប់ស្ងាត់, សមាធិនិងការសូត្រធម៌បួងសួង។
ការកសាងសន្តិភាព ត្រូវការករុណាធម៌ និងការស្ទាត់ជំនាញក្នុងការស្តាប់។ ដើម្បីស្តាប់ឱ្យបានច្បាស់ យើងត្រូវលះបង់អ្វី ដែលហៅថា "អត្តឬអញ"។ ទោះបីក្នុងពាក្យពេចន៍យើងផ្ទាល់ក៏ដោយ។ យើងស្ដាប់រហូតដល់យើងអាចឮអ្វីដែលជាកំណើតនៃសេចក្តីស្ងប់របស់យើង។ នៅពេលយើងរៀនស្តាប់ខ្លួនយើង យើងក៏ត្រូវរៀនស្តាប់ពីអ្នកឯទៀត ឱ្យបានច្បាស់លាស់ដែរ។ នោះគំនិតថ្មីៗនឹងរីកលូតលាស់ដុះដាលឡើង។ ហើយគប្បី មានការត្រង់ទៅត្រង់មក និងការចុះសំរុងគ្នា។ ពេលយើងចូលមកដល់ការទុកចិត្តថ្លើមគ្នាហើយ យើងអាចស្វែងរកបាននូវលទ្ធភាពថ្មីដើម្បីដោះស្រាយជម្លោះ។ ពេលយើងស្តាប់ដោយការប្រុងប្រយ័ត្ន យើងនឹងឮស្នូរសន្តិភាពរីកលូតលាស់ឡើង។ ការកសាងសន្តិភាពត្រូវការមានសតិ។
សន្តិភាពពិតប្រាកដនោះគ្មានឥស្សា គឺការច្រណែនឈ្នានីសយកត្រូវតែខ្លួនឯង, ទិចទៀនរិះគន់គេ នុ៎ះវាគ្មានផលប្រយោជន៍អ្វីទាល់តែសោះ។ យើងត្រូវសម្រេចចិត្តយកការកសាងសន្តិភាពមានសារៈប្រយោជន៍ ជាងការធ្វើសង្គ្រាមបង្ហូរឈាមគ្នា។
ការកសាងសន្តិភាព មិនត្រូវការគិតពីខ្លួនទេ។ ការមិនគិតពីខ្លួននេះ ត្រូវមានការចាក់ឫសគល់យ៉ាងមុតមាំ ដើម្បីកសាងសន្តិភាព។ ការស្ទាត់ជំនាញសព្វកិច្ចការ និងសហប្រតិបត្តិការ គឺជាកត្តាសំខាន់។ មានតិចតួចណាស់ ចំពោះការកសាងសន្តិភាព ដែលយល់ថាមានតែយើងម្នាក់គត់ដែលស្គាល់ផ្លូវទៅរកសន្តិភាព។
សន្តិភាវករពិតប្រាកដ គឺត្រូវខិតខំអស់ពីកំលាំងកាយចិត្តដើម្បីតែសន្តិភាពមួយប៉ុណ្ណោះ មិនត្រូវការកិត្តិនាម- កិត្តិស័ព្ទ ឬ សូម្បីតែកិត្តិយស។ ការខិតខំប្រឹងប្រែងដើម្បីកិត្តិនាមកិត្តិស័ព្ទឬកិត្តិយស និងទៅជាទង្វើដ៏អាក្រក់បំផុតចំពោះការខិតខំរបស់យើង។
ការកសាងសន្តិភាពត្រូវការបញ្ញា។ សន្តិភាពគឺជាផ្នែកមួយត្រូវបានជ្រើសរើសដោយប្រាជ្ញាញាណ។ វាមិនមែនមានការងឿងឆ្ងល់ ថាឥតគោលដៅនោះទេ ប៉ុន្តែត្រូវធ្វើដំណើរម្តងមួយជំហាន! ម្តងមួយជំហាន! Step by Step ។
ការកសាងសន្តិភាព គឺជាផ្លូវកណ្ដាលប្រកបដោយឧបេក្ខាភាព។ គ្មានទ្វិកភាពទេ (duality) គ្មានឧបាទានទេ។ ការកសាងសន្តិភាព មានន័យថាធ្វើអោយតុល្យភាពដ៏សុក្រិត (Perfect) នូវបញ្ញានិងករុណាធម៌។ ការជួបជុំដោយសុក្រិតភាពគឺសេចក្តីត្រូវការមនុស្សធម៌ ហើយនិងនយោបាយពិតប្រាកដ។ វាមានន័យថាករុណាគ្មានសម្បទាន (Concession) និង សន្តិភាពគ្មានចិត្តស្ងប់។
មេត្តាធម៌ គឺជាផ្លូវតែមួយគត់ ឆ្ពោះទៅរកសន្តិភាព។
ដកស្រង់ចេញពីសៀវភៅ មួយជំនាម្តង សម្តេច ព្រះមហាឃោសានន្ទ (ទំព័រ៣៧)




0 Comments