Ad Code


 

នរណាឃើញធម៌អ្នកនោះឃើញតថាគត


ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រថាប់នៅឯព្រះវិហារ វេឡុវ័ន ក្រុងរាជគ្រឹះ វគ្គលិភិក្ខុអាពាធធ្ងន់នៅផ្ទះជាងធ្វើឆ្នាំងទើបឱ្យលោកផ្សេងទៅក្រាបទូលព្រះអង្គ ទ្រង់ជ្រាបហើយ ស្តេចមកសួរសុខទុក្ខ ទ្រង់ដាស់តឿនឱ្យវគ្គលិភិក្ខុរលឹកដល់សីល វគ្គលិភិក្ខុក្រាបទូលថា នឹងទៅក្រាបទូលដោយខ្លួនឯង តែមិនអាចទៅបានព្រោះក្រោកឡើងមិនរួច ព្រះពុទ្ធត្រាស់ថា៖ កុំគិតថ្វីវគ្គលិ ! រាងកាយដែលស្អុយរលួយរបស់តថាគតដែលអ្នកឃើញនេះមានប្រយោជន៍អ្វី? 

ម្នាលវគ្គលិ ! នរណាឃើញធម៌ អ្នកនោះបានឈ្មោះថា មើលឃើញតថាគត អ្នកណាឃើញតថាគតអ្នកនោះឈ្មោះថារមែងឃើញធម៌។

កាលបើព្រះពុទ្ធជាម្ចាស់ស្តេចទ្រង់ត្រឡប់ទៅហើយទេវតាបានចូលក្រាបទូលដល់វគ្គលិ ហើយទ្រង់ឱ្យភិក្ខុនាំដំណឹងដែលទេវតាសួរដល់ព្រះអង្គមកប្រាប់វគ្គលិ គ្រាន់តែដឹងថា ព្រះពុទ្ធអង្គឱ្យភិក្ខុនាំដំណឹងមកប្រាប់ប៉ុណ្ណោះ វគ្គលិសូមឱ្យភិក្ខុដែលព្យាបាលខ្លួនជួយលើកខ្លួនចុះពីលើគ្រែដេកអាពាធសិន ហើយទើបចាំដំណាលឱ្យស្តាប់ សំដែងដល់សេចក្តីគោរពព្រះពុទ្ធអង្គដ៏ខ្ពង់ខ្ពស់ សូម្បីឈឺធ្ងន់ប៉ុណ្ណាក៏ដោយ។

ក្រោយពីនោះមិនយូរប៉ុន្មាន វគ្គលិភិក្ខុក៏ធ្វើអត្តវិនិបាត(សំលាប់ខ្លួនឯង)ហើយបរិនិព្វាន ព្រះពុទ្ធអង្គទ្រង់ស្តេចមកមើលសពហើយចង្អុរឱ្យភិក្ខុមើលផ្សែង ដែលមច្ចុមារកំពុងតាមរកវិញ្ញាណរបស់ព្រះវគ្គលិនៅកន្លែងណា? ក៏តាមរកមិនឃើញ ព្រោះវគ្គលិ និព្វានទៅហើយ។  (វគ្គលិសូត្រ ១៧ , ១២៨)

វោហារបន្ថែម

ព្រះសូត្រនេះឱ្យគតិដល់យើងយ៉ាងតិចក៏៣ប្រការគឺ :

១-ព្រះពុទ្ធជាម្ចាស់មិនមានបំណងឱ្យសាវ័ក ជាប់ជំពាក់ក្នុងបុគ្គលណាមួយ សូម្បីព្រះពុទ្ធជាម្ចាស់ខ្លួនឯងក៏ដោយ ព្រោះរាងកាយរបស់មនុស្សជារបស់ពុករលួយស្អុយមិនមានខ្លឹមសារ តែទ្រង់ឱ្យយកព្រះធម៌មកបដិបត្តិវិញ។

២-អ្នកដែលសម្លាប់ខ្លួនស្លាប់ហើយទៅនិព្វានក៏មានដែរ វគ្គលិភិក្ខុលោកជាសោតាបន្នបុគ្គល ហើយក្រោយមកលោកព្យាយាមចំរើនគ្រាន់តែចេញពីឈាន លោកក៏យកកាំបិតអារកខ្លួនឯង ហើយយកទុក្ខវេទនានោះ មកកំណត់ជាអារម្មណ៍ចំរើនវិបស្សនា ទាល់តែបានសម្រេចជាព្រះអរហន្ត ហើយនិងបរិនិព្វានទៅតែម្តង។

៣-ក្នុងព្រះសូត្រនេះ បានពោលដល់មារដែលតាមរកវិញ្ញាណរបស់វគ្គលិភិក្ខុ ដែលអាចឃើញនឹងភ្នែក តែអ្នកដែលឃើញនោះលោកមានគុណវិសេសថ្នាក់ណានោះ មិនបានពោលទេ។

ដកស្រង់ចេញពីសៀវភៅ ព្រះត្រៃបិក ច្បាប់រំលត់ទុក្ខ ដោយ លឹម ធាវី


Post a Comment

0 Comments