Ad Code


 

ខ្លឹមសារបុណ្យមាឃបូជា


បុណ្យមាឃបូជាគឺជាពិធីបុណ្យដ៏ធំនិងសំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗនិងសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកជនគ្រប់ប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា នាំគ្នាប្រារព្ធធ្វើ នៅថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ។ បច្ចុប្បន្ននៅប្រទេសកម្ពុជា តាមបណ្តាវត្តអារាមនានាតែងប្រារព្ធកម្មវិធីបុណ្យមាឃបូជាយ៉ាងអធិកអធម វត្តខ្លះមានដង្ហែបុណ្យមាឃបូជាជាក្បួនធំៗដោយរថយន្តតាមដងវិថីរាប់សិបគីឡូម៉ែត្រឯណោះ បានបង្ហាញឱ្យឃើញថា បុណ្យមាឃបូជាគឺជាបុណ្យដ៏អស្ចារ្យនិងសំខាន់ក្នុងព្រះពុទ្ធសាសនា ។

ពិធីបុណ្យមាឃបូជាប្រារព្ធឡើងជាការរំឭកដល់ព្រឹត្តិការណ៍ធំៗពីរនៅក្នុងព្រះពុទ្ធសាសនា ដែលបានកើតឡើងក្នុងខែមាឃ នាពេលដែលព្រះពុទ្ធអង្គទ្រង់គង់ព្រះជន្មនៅឡើយ គឺបានកើតឡើងនៅពេលដែលព្រះសម្មាសម្ពុទ្ធទើបនឹងត្រាស់ដឹង ហើយនិងព្រះអង្គជិតនឹងបរិនិព្វាន ។ ព្រឹត្តិការណ៍ទាំងពីរនោះគឺ៖

១.ប្រជុំចតុរង្គសន្និបាត 

ជាការប្រជុំសង្ឃដំបូងនៅឧទ្យានវេឡុវ័នក្រុងរាជគ្រឹះ នៅពេលដែលព្រះពុទ្ធអង្គត្រាស់ដឹងបាន៩ខែ ។ យប់នោះជាយប់ថ្ងៃឧបោសថ ព្រះច័ន្ទពេញវង់ ១៥កើត ខែមាឃ មានភិក្ខុ ១២៥០ អង្គ ឥតមាននរណានិមន្តមកប្រជុំគ្នាខ្លួនឯងតែម្តងតាមធម្មតារបស់ខ្លួន ហើយភិក្ខុទាំងអស់អង្គសុទ្ធតែជា ឯហិភិក្ខុ និងជាព្រះអរហន្តបានសម្រេចអភិញ្ញា៦គ្រប់រូប ។

មានព្រឹត្តិការណ៍មួយក្នុងថ្ងៃនោះដែរ គឺព្រះសារីបុត្តបានសម្រេចព្រះធម៌ជាព្រះអរហន្ត នៅវេលាព្រឹកក្រោយពីបានជួបព្រះសម្មាសម្ពុទ្ធ ។

នៅក្នុងសន្និបាតព្រះពុទ្ធបានស្ថាបនា ព្រះសារីបុត្ត និងព្រះមោគ្គល្លានជា សាវ័កស្តាំ ឆ្វេង របស់ព្រះអង្គចាប់ពីពេលនោះផងដែរ ។

បន្ទាប់មកព្រះអង្គក៏ទ្រង់សម្តែងឱវាទបាតិមោក្ខក្នុងកណ្តាលទីប្រជុំនោះថា៖    

ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា នហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋ យន្តោ អំណត់គឺសេចក្តីអត់ធន់ គឺជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតិដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃមិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ ។     

សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ  កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ ។

អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ  អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ កិរិយាមិនតិះដៀល (អ្នកដទៃ) ១ កិរិយាមិនបៀតបៀន (អ្នកដទៃ) ១ កិរិយាសង្រួមក្នុងបាតិមោក្ខ ១ ភាវៈដឹងប្រមាណក្នុភត្តហារ ១ ទីដេក និង ទីអង្គុយដ៏ស្ងាត់ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត ១ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។

២.ព្រះអង្គដាក់អាយុសង្ខារ

ព្រឹត្តិការណ៍នេះកើតឡើងក្រោយពេល ដែលព្រះពុទ្ធអង្គទ្រង់គង់ចាំវស្សាទី៤៥ ដែលជាវស្សាចុងក្រោយ ដោយក្នុងកាលនោះ ស្តេចមារ បានចូលគាល់ព្រះអង្គហើយ ក៏អារាធនាដើម្បីឲ្យព្រះអង្គទ្រង់ចូលបរិនិព្វាន ។ ពេលនោះព្រះអង្គទ្រង់ប្រកាសចំពោះមុខមារថា “ ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ” ។ ការប្រកាសដាក់ព្រះជន្មាយុសង្ខារនេះ បានធ្វើឲ្យភិក្ខុសង្ឃ និងបរិស័ទទាំងឡាយមានសេចក្តីតក់ស្លុតជាខ្លាំង ដោយដឹងថា ព្រះពុទ្ធជាបរមគ្រូ នឹងត្រូវយាងចូលបរិនិព្វាន ក្នុងពេលដ៏ឆាប់ខាងមុខ ។ ការប្រកាសនេះកើតមានឡើងនៅថ្ងៃ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនព្រះអង្គបរិនិព្វាន ៣ខែ ។

អាស្រ័យព្រឹត្តិការណ៍សំខាន់ទាំង២ ខាងលើនេះហើយ ដែលពុទ្ធសាសនិកជនគ្រប់ប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធពិធីបុណ្យមាឃបូជាជារៀងរាល់ថ្ងៃ ១៥កើត ខែមាឃ ដើម្បីសម្តែងនូវសេចក្តីដឹងគុណ របស់ខ្លួនចំពោះព្រះអង្គ ដោយការបូជាគ្រឿងសក្ការៈ ផ្សេងៗ សូត្រធម៌ សមាទានសីល ស្តាប់ធម៌ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕

Post a Comment

0 Comments