ជារៀងរាល់ថ្ងៃនៅពេលព្រះអាទិត្យរះឡើង ទាំងមនុស្សទាំងសត្វចាកចេញពីទ្រនំពីឋានជម្រក និងសំបុករបស់ខ្លួនទៅរកចំណី លើកលែងតែសត្វមួយភាគតូចដែលរកចំណីនៅពេលរាត្រី។ សត្វស្រុក សត្វព្រៃ សត្វចតុបាទ សត្វស្លាប ឃ្មុំ មេអំបៅ កន្លង់។ល។ ក៏រកចំណីចិញ្វឹមជីវិតដូចគ្នា។ ត្រង់ចំណុចនេះលោកថាមនុស្សនិងសត្វមានគោចរសញ្ញាដូចគ្នា។
ទាំងមនុស្សទាំងសត្វគ្រប់ប្រភេទ តែងមានកាមរាគ ដែលជាហេតុនាំឱ្យបង្កើតកូនចៅ តពូជពង្សរបស់ខ្លួន។ នេះលោកហៅថា កាមសញ្ញា ដែលមនុស្សនិងសត្វតែងមានដូចគ្នា។ មនុស្សនិងសត្វ តែងចង់រស់នៅដោយសុខសាន្ត សុវត្ថិភាព និងអាយុវែង ហើយខ្លាចជាទីបំផុតនូវសេចក្តីស្លាប់(គឺមរណៈ)។ នេះលោកហៅថា "មរណសញ្ញា" ជាសញ្ញានៃការខ្លាចស្លាប់ដូចគ្នា។ មនុស្សល្អប្រសើរជាងសត្វត្រង់ចំណុចមួយគឺការដឹងខុសដឹងត្រូវជាលក្ខណៈពិសេសរបស់មនុស្សជាតិ ព្រោះមនុស្សអាចអប់រំហ្វឹកហ្វឺនចិត្តចម្រើនគុណធម៌ និងសាងបញ្ញាបានដល់កំពូលដែលសត្វដទៃពុំអាចធ្វើបាន។ លក្ខណៈពិសេសនេះលោកហៅថា "ធម្មសញ្ញា" ជាសម្បត្តិធម្មជាតិរបស់មនុស្ស សម្រាប់សាងជីវិតឆ្ពោះទៅរកសេចក្តីសុខពិត។
ទោះបីជាមានធម្មសញ្ញាក៏ដោយ មនុស្សនៅតែមានបញ្ហាមិនចេះចប់មិនចេះហើយ មានរឿងគួរឱ្យបារម្ភ និងត្រូវដោះស្រាយបន្តបន្ទាប់រហូតដល់ថ្ងៃលាចាកលោកទៅ។ ហេតុដូច្នេះហើយទើបព្រះសម្មាសម្ពុទ្ធបានសម្តែងថា៖ "លោកនេះគឺមានសេចក្តីទុក្ខជាធម្មតាជាប្រចាំ ទុក្ខំ លោកេ បតិដ្ឋិតំ"។ មិនមានបុគ្គលណាគេចផុតពីសេចក្តីទុក្ខនេះបានឡើយ។ អ្វីដែលកាន់តែលំបាកជាងទុក្ខវេទនាទៅទៀតនោះ គឺជីវិតប្រាសចាកព្រះធម៌។
ជីវិតយើងមិនប្រសើរទេ បើគ្រាន់តែរស់ដើម្បីក្រពះ និងសម្ភារៈតែម្យ៉ាងនោះ។ មនុស្សយើងពិតណាស់ត្រូវតែមានព្រះធម៌ ពីព្រោះមនុស្សមានធម្មសញ្ញា ពោលគឺស្គាល់ខុស ស្គាល់ត្រូវ ដឹងអ្វីជាបាបដឹងអ្វីជាបុណ្យ បើមិនមានព្រះធម៌ទេ មនុស្សយើងម្នាក់ៗពិតជារស់នៅដូចជាសត្វតិរច្ឆាន ដែលមានតែភាវគតិ តែខ្វះធម្មសញ្ញា។ ហេតុដូច្នេះ ជីវិតចាំបាច់ត្រូវតែមានព្រះធម៌ជាមាគ៌ា ជាឱសថបង្ក្រាបពិសគឺកិលេសដែលមានក្នុងចិត្ត ជាប្រទីបបំភ្លឺក្នុងការរស់នៅប្រចាំថ្ងៃ។
មនុស្សយើងគ្រប់គ្នា សុទ្ធតែមានសេចក្តីប្រាថ្នាចង់បាននេះ ចង់បាននោះ មិនចេះចប់មិនចេះហើយ បើយើងមិនមានធម៌គ្រប់គ្រងសេចក្តីប្រាថ្នានោះទេ យើងអាចនឹងប្រព្រឹត្តអំពើប្រាសចាកគន្លងធម៌ ដែលជាហេតុនាំមកនូវសេចក្តីទុក្ខ(វិនាស) ដល់ខ្លួនឯងផង ដល់អ្នកដទៃផង។
ដកស្រង់ពីសៀវភៅ ទីឃាយុវឌ្ឍនមង្គល
ធម្មបរិយាយដោយបណ្ឌិត កុល ផេង
ប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា



0 Comments